ទឹក​ជំនន់​ជន់​លិច​ប្រាសាទ​៤​នៅ​សៀមរាប

ដោយ ហង្ស សាវយុត 
2011-09-24
មន្ត្រី​អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ការពារ និង​ថែរក្សា​ប្រាសាទ​បូរាណ​​បាន​ឱ្យ​ដឹង​ថា ទឹក​ជំនន់​ដែល​នៅ​តែ​បន្ត​គំរាម​កំហែង​លើ​ខេត្ត​សៀមរាប នៅ​ឡើយ​នោះ បាន​ហូរ​ចូល​ទៅ​កាន់​បរិវេណ​ប្រាសាទ​បូរាណ​ចំនួន​៤ នៅ​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​កញ្ញា​នេះ។
RFA/Hang Savyouth
២៤-កញ្ញា-២០១១៖ ទឹក​ជំនន់​ជន់​លិច​ប្រាសាទ​នាគព័ន្ធ ស្ថិត​ក្នុង​ខេត្ត​សៀមរាប។
អាជ្ញាធរ​អប្សរា​បាន​ដាក់​បំរាម​មិន​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ចូល​ទៅ​ទស្សនា​ប្រាសាទ​នាគព័ន្ធ​ទេ ដោយសារ​តែ​ប្រាសាទ​នោះ​ទឹក​កំពុង​ជន់​លិច​មាន​​ជម្រៅ​ជ្រៅ និង​ប្រាសាទ​ចំនួន ៣​ទៀត គឺ​ប្រាសាទ​តាព្រហ្ម ប្រាសាទ​បន្ទាយក្ដី និង​ប្រាសាទ​បន្ទាយស្រី ដែល​មាន​ទឹក​ហូរ​ចូល​តិចតួច​ដែរ​នោះ​គេ​មិន​បាន​ដាក់​បម្រាម​ហាមឃាត់​អ្នក​ទេសចរណ៍​ទេ ក៏ប៉ុន្តែ​អ្នក​ទេសចរណ៍​ដែល​ចូល​ទៅ​ទស្សនា​​ត្រូវ​មាន​ការ​ប្រុង​​​ប្រយ័ត្ន​ទៅ​លើ​​សុវត្ថិភាព​​​ខ្លួន​ឯង។
លោក ប៊ុន ណារិទ្ធ ជា​អគ្គនាយក​នៃ​អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ការពារ និង​ថែរក្សា​ប្រាសាទ​បូរាណ​​នៅ​ក្នុង​ខេត្ត​សៀមរាប។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​កញ្ញា ថា អាជ្ញាធរ​អប្សរា​កំពុង​ធ្វើ​ការ​ពិចារណា​ក្នុង​ការ​ផ្អាក​អ្នក​ទេសចរណ៍​មិន​ឱ្យ​ចូល​ទស្សនា​ប្រាសាទ​បូរាណ​ចំនួន​២ ជា​បណ្ដោះអាសន្ន​សិន គឺ​ប្រាសាទ​នាគព័ន្ធ​​ ដោយសារ​ប្រាសាទ​នោះ​ទឹក​លិច​ខ្លាំង និង​ប្រាសាទ​បន្ទាយស្រី ​ថ្វី​បើ​ទឹក​លិច​តិចតួច ប៉ុន្តែ​វា​មាន​ភាព​រអិល​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ទេសចរណ៍។
លោក ប៊ុន ណារិទ្ធ បន្ត ៖ «ទៅ​នាគព័ន្ធ ផ្លូវ​ហ្នឹង​ទឹក​លិច​ខ្លាំង ជម្រៅ​ដល់​ជិត ១​ម៉ែត្រ​ឯណោះ។ ផ្លូវ​ហ្នឹង​ទឹក​ស្ទឹង​ហូរ​កាត់​ផ្លូវ​ត្រឹម​លើ​ចង្កេះ។ ខ្ញុំ​ទៅ​មើល​ព្រឹកមិញ​វា​មាន​ឡាន ១-​២​ចូល​ទៅ​រលត់​ខូច​តាម​ផ្លូវ​ហ្នឹង តែ​ខ្ញុំ​មក​តាម​ប្រាសាទ​តាព្រហ្ម​លិច​តិច ប្រាសាទ​បន្ទាយក្តី ក៏​លិច​ដែរ ប៉ុន្តែ​មាន​ទេសចរ​នៅ​ចូល​មើល​ទេ។ គ្រាន់​តែ​អ៊ីចេះ បើ​ចង់​ទៅ​មើល​ប្រាសាទ​អស់​ហ្នឹង ត្រូវ​ទៅ​មើល​ផ្លូវ​ចេញ​ពី​ទ្វារ​ជ័យ​​ចេញ​កន្លែង​ពី​អង្គរ​ធំ​ទៅ​ខាង​កើត។ ប្រាសាទ​ហ្នឹង​អាច​មើល​បាន ពីព្រោះ​ផ្លូវ​វា​អត់​ខូច»
មន្ត្រី​សាលា​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ទឹក​ជំនន់​ដោយសារ​ភ្លៀង​ខ្លាំង​បាន​ជន់​លិច​ស្រុក​វ៉ារិន និង​ស្រុក​បន្ទាយស្រី កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា មក គឺ​ទឹក​ជំនន់​នៅ​តែ​បន្ត​លិច​នៅ​ក្នុង​ស្រុក​​ចំនួន​១១ និង​ក្រុង​សៀមរាប នៅ​ឡើយ។
លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា ទឹក​ជំនន់​កំពុង​គំរាមកំហែង​ស្រុក​ទាំង​អស់​របស់​ខេត្ត​នេះ ដោយសារ​ទឹក​ទន្លេ​ផង និង​ដោយសារ​ទឹក​ភ្លៀង​ផង ៖ «ទឹក​ភ្លៀង​មក​ពី​ភ្នំ​ដែល​ធ្ងន់​ជាង​គេ​ហ្នឹង គឺ​មាន​វ៉ារិន មាន​ស្រុក​ប្រាសាទ​បន្ទាយស្រី និង​ក្រុង​សៀមរាប។ មួយ​ផ្នែក​ហ្នឹង​វា​មាន​ទៅ​អង្គរជុំ ស្រុក​ស្រីស្នំ ស្រុក​ក្រឡាញ់ ខ្លះ និង​ស្រុក​ពួក ខ្លះ ​ហើយ​ក្រៅ​ពី​នោះ​ទឹក​ធំ ហើយ​អា​នៅ​ខាង​កើត​ក្រុង​កំពុង​បង្ហូរ​តាម​បណ្ដោយ​ផ្លូវ​អម​ក្រវាត់​ក្រុង​​ទម្លាក់​ទៅ​បឹង​ទន្លេ​សាប។ ដាក់​អេស្កាវ៉ាទ័រ​ចំនួន ៤​គ្រឿង​ទៀត ទម្លុះ​ខាង​ក្នុង និង​ចោះ​ផ្លូវ​វាង​ក្រុង​ប៉ែក​ខាង​សង្កាត់​សាលា​កម្រើក ១​កន្លែង​ទៀត ប៉ុន្តែ​បើ​មិន​ភ្លៀង​ទឹក​វា​អាច​ចុះ​លឿន»
លោក ស៊ូ ភិរិន្ទ បាន​ឱ្យ​ដឹង​ថា ទឹក​ជំនន់​ដែល​កំពុង​បន្ត​នៅ​ឡើយ បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ជាង ៦៣០​គ្រួសារ​ បាន​ជម្លៀស​ខ្លួន​ចេញពី​ភូមិឋាន​ សត្វ​គោ​ជាង ៣០​ក្បាល​បាន​ងាប់ និង​សត្វ​ជ្រូក​របស់​កសិដ្ឋាន​ក្នុង​ស្រុក​អង្គរធំ​ប្រមាណ ២.០០០​ក្បាល​បាន​បាត់។
ចំណែក​នៅ​ឯ​ខេត្ត​ព្រះវិហារ​វិញ ទឹក​ជំនន់​កំពុង​លិច​ក្រុង​ត្បែង​មានជ័យ ក្នុង​ទី​រួម​ខេត្ត និង​ស្រុក​ជ័យសែន បណ្តាល​ឱ្យ​ដី​ស្រែ និង​ចម្ការ​ប្រមាណ ៧.០០០​ហិកតារ​កំពុង​លិច​លង់។ ក្នុង​នោះ​គេ​បារម្ភ​ចំពោះ​​​ស្រែ និង​ចម្ការ​ប្រមាណ​ជាង ១.០០០​ហិកតារ​ថា អាច​នឹង​ខូចខាត​ផល​ដំណាំ​ដោយសារ​តែ​ទឹក​បាន​លិច​ចំនួន ១០​ថ្ងៃ​មក​ហើយ៕​​​​​​​​​
Copyright © 1998-2011 Radio Free Asia. All rights reserved.